អារ្យធម៌ខ្មែរសម័យនគរភ្នំ

អារ្យធម៌ខ្មែរសម័យនគរភ្នំ

1
ឯកសារចិនបានបញ្ជាក់ឱ្យដឹងថា ភូមិសាស្ត្រខ្មែរ គឺព័ទ្ធជុំវិញដោយកំពែងធ្វើពីដី ដែលមានគូទឹក ឬស្រះធំៗព័ទ្ធជុំវិញ ​ព្រមទាំង​មាន​ចិញ្ចឹម​ក្រពើ​យ៉ាងច្រើន​​ទៀត​ផង។ នៅ​ក្នុង​បរិវេណ​ភូមិ​ គឺ​មាន​ស្រះទឹក​សម្រាប់​ប្រើ​រួមគ្នា។ ​ចំណែក​ឯផ្ទះ ​គឺសង់​អំពី​ឈើបន្តើតខ្ពស់​ផុតពីដី​ និង​ប្រក់​ស្លឹក។

សូមជម្រាបថា មនុស្សនៅសម័យអាណាចក្រភ្នំ ច្រើនមានសម្បុរខ្មៅ សក់រួញអង្គាដី និងច្រើនតែខ្លួនទទេ។ អ្នកស្រុកធម្មតាស្លៀក​សារុង​ ឬសំពត់​អំបោះ គ្មាន​ស្បែក​ជើង​ពាក់​ទេ។ រីឯ​អ្នក​មាន និងមន្ត្រី គឺស្លៀកសំពត់សំឡុយ ឬចងក្បិនសំពត់ចរបាប់​ មាន​ពាក់​ស្បែក​ជើង​ផង​ដែរ។ ​ប្រជាជន​និយម​​ចោះ​ត្រចៀក​ពាក់​ក្រវិល​រយ៉ា ​ទំហ៊ូ និង​ត្រសាល់​ត្រចៀក​ជាដើម។​ គេចូល​ចិត្ត​ល្បែង​ប្រជល់​មាន់ និង​ប្រជល់​ជ្រូក។​ ក្រៅពី​នេះ អ្នក​ភូមិ​នីមួយៗប៉ិន​ប្រសប់​ធ្វើ​សិប្បកម្ម​ត្បាញ​រវៃ​សូត្រអំបោះ ជាងចម្លាក់ប្រាក់ ស្ពាន់ ជំនាញជាងទង ​និងធ្វើ​គ្រឿង​អលង្ការ​មាស​ថែម​ទៀត​ផង។

2
អ្វីដែលពិសេសនោះ មនុស្សនៅអាណាចក្រនគរភ្នំ គ្រប់តំបន់គ្មានចិត្តលោភលន់ និងចេះលួចគ្នាទេ។ បើសិនមានទំនាស់ ​ឬក្តីក្ដាំ​គ្នា​កើត​ឡើង​ម្ដងៗ ​គេចូលចិត្ត​ប្រើ​វិធីដ៏​អស្ចារ្យ​មួយ ​ដើម្បី​រក​សេចក្តី​ពិត។ មានន័យថា កាលណាគេបាត់របស់អ្វីមួយ ​គេតែង​យក​បាយ​ពំនូត​ទៅដាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ទេវតា រួច​គេ​បួង​សួង​សុំឱ្យ​ព្រះ​អង្គ​ជួយ​បង្ហាញ​មុខជនទុច្ចរិត ហើយស្អែកឡើងគេយកបាយពំនូតនោះ​ ឱ្យជន​ជាប់​សង្ស័យ​បរិភោគ ព្រោះ​គេ​ជឿថា​ អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ ​នឹង​មាន​ឈាម​ហូរ​ចេញ​ពី​មាត់​យ៉ាង​ជាក់​ស្ដែង។​ ផ្ទុយ​ទៅវិញ​ អ្នក​សុចរិត​ គេ​អាច​ទំពារ​បាយ​ពំនូត​នោះបាន​ដោយ​ស្រួល។

មិន​តែប៉ុណ្ណោះ បើមានជនជាប់ចោទពីបទផ្សេងៗទៀត គេឱ្យជននោះអត់បាយបីថ្ងៃ រួចតម្រូវឱ្យជននោះ លូកយកវត្ថុផ្សេងៗ មាន​ពង​មាន់ ​ឬចិញ្ចៀន​មាស​ជាដើម​ចេញ​ពី​ឆ្នាំង ​ឬខ្ទះ​ទឹក​កំពុង​ពុះ ឬ​ក៏​ត្រូវ​កាន់​ពូថៅ ​ឬច្រវាក់​ដែល​ដុត​ភ្លើង​ឡើង​ក្រហម​ ហើយ​ឱ្យ​ដើរ​ពីរ​ជំហាន។​​ បើ​មាន​​កំហុស​មែន​ ដៃ​ជន​នោះ​នឹង​រលាក​រលួយ។​ តែបើ​ជន​នោះមិន​បាន​ប្រព្រឹត្ត​ខុស​ទេ ​គឺគ្មាន​អ្វី​កើត​ឡើង​ឡើយ។ ​លើស​ពី​នេះអាណាចក្រ​ភ្នំ ​គេ​មិន​និយម​ធ្វើ​គុកដាក់​មនុស្ស​ទេ បើបុគ្គលណាមានកំហុសស្រាល គេពិន័យឱ្យមានទោស តែបើកំហុសនោះធ្ងន់ថ្នាក់​ឧក្រិដ្ឋកម្មវិញ ​គេយក​អ្នក​នោះទៅ​ឱ្យ​ក្រពើ​ស៊ី ឬសត្វ​សាហាវ​ស៊ីតែ​ម្តង។ ក្នុង​រយៈ​ពេល​៣ថ្ងៃ ​បើសត្វ​នោះមិន​ស៊ី​ទេ ​គេចាត់​ទុកថា​អ្នក​នោះគ្មាន​កំហុស​ទេ ​ត្រូវ​បាន​រួច​ខ្លួន។​
3
គួររម្លឹកថា ដោយសារខ្មែរទទួលឥទ្ធិពលឥណ្ឌា រហូតដល់ទៅពីរដង គឺសតវត្សទី១ និងដើមសតវត្ស​ទី៥ ​ដោយប្រកាន់​របប​នយោបាយ​រាជា​និយម​តាម​បែប​ឥណ្ឌា។​ ទៀត​សោត ​មហារាជ​មាន​ងារ​ជាស្ដេច​ចក្រវាឡ ឬកុរុងវ្នំ ដោយសោយរាជ្យ​លើ​អាណាចក្រ ដែលមានសាមន្តរដ្ឋ​ ឬរដ្ឋ​ចំណុះ​ជាច្រើន ​ក្នុង​នោះមាន​ទាំង​សាមន្ត​រដ្ឋចេនឡា​ទៀត​ផង​។ ព្រះរាជា​គង់​ក្នុង​ព្រះរាជ​វាំង ដែល​មាន​ដំណាក់ច្រើន​ជាន់ ​និង​មាន​របង​ព័ទ្ធ​ជុំវិញ។ ខណៈ​ពេល​ប្រទាន​សវនាការ​ ព្រះអង្គ​ទ្រង់​គង់​ផ្ទាល់​លើ​ព្រះទែន ផ្តេកជង្គង់ឆ្វេង បញ្ឈរជង្គង់ស្តាំ ​ដូចកាយ​វិការ​រូប​ចម្លាក់​ស្ដេច​គម្លង់​សព្វថ្ងៃ ព្រម​ទាំង​មាន​ពាន​មាស ​ផើង​មាស​ និង​ដុត​ឈើ​ក្រអូប​ដាក់​លើ​កម្រាល​ពី​ខាង​មុខ ​ដោយ​មានរូប​ព្រះរាជ​សង្ហារ​តម្កល់​នៅ​ចន្លោះ​កណ្ដាល​ពានមាស​នោះ​ទៀត​ផង។​
ជាការកត់សម្គាលនោះ ព្រះរាជាទ្រង់យាងទៅណាមកណាដោយដំរី ដែលមានក្បួនដង្ហែអធិកអធមពីនាម៉ឺន​សព្វមុខ​មន្ត្រី​ និង​ស្រី​ស្នំ​បរិពារ​ផង។​ ពន្ធដារ​សម័យ​នោះ​ត្រូវ​បង់​ជា​មាស ប្រាក់ គុជ ឬ​ក៏គ្រឿង​ក្រអូប​ផ្សេងៗ។​ ម្យ៉ាង​​ទៀត​អាណាចក្រ​ភ្នំ ជា​សង្គម​មេនិយម ​ដែល​បាន​ចាត់​ទុក​ស្រ្តី​ជា​ធំ​ទាំង​នៅក្នុង​គ្រួសារ និង​សង្គម​ជាដើម។ មិនតែប៉ុណ្ណោះ ការជ្រើសរើសគូស្រករទៀតសោត មិនមែន​ប្រុស​ដណ្ដឹង​ស្រី​ដូច​បច្ចុប្បន្ន​នេះ​ទេ។ មានន័យ​ថា ស​ម័យនោះ ​ស្រី ​គឺដណ្ដឹ​ងប្រុស។​​
កំព​ង់ផែសំខាន់របស់អាណាចក្រភ្នំ គឺអូកែវ ស្ថិតនៅខាងត្បូងភ្នំបាថេ ទឹកដីកម្ពុជាក្រោមសព្វថ្ងៃ លើតំបន់​ស្ថានីយ​បុរេប្រវត្តិ​សាស្ត្រ​សម័យ​យុគ​ថ្ម​រំលីង។ កំពង់​ផែ​នេះ​មិន​មែន​គ្រាន់​តែ​ទទួល​សំពៅ​ធំៗ​ពី​ប្រទេស​ចិន ​ម៉ាឡាយូ និង​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ទទួល​នាវា​សមុទ្រ​ធំៗ​ដឹក​ទំនិញ​មក​ពី​ចក្រភព​រ៉ូម៉ាំង ​ដែល​ស្ថិត​ត្រង់​ព្រំប្រទល់​សមុទ្រ​ក្រហម​ទៀត​ផង​។ នៅកំពង់​ផែ​អូកែវ ​គេបាន​រក​ឃើញ​ត្រា​ដែល​មាន​អក្សរ​សំស្ក្រឹត​ជា​មេដាយ​មាស ​ព្រម​ទាំង​មាន​កាល​បរិច្ឆេទ​នៅ​ឆ្នាំ១៥២​ ដោយ​មាន​រូប​សំណាក​ព្រះចៅ​អង់តូនីន​ និង​ចម្លាក់​ថ្ម​ផ្សេងៗ​មក​ពី​តំបន់​មេឌីទែរ៉ាណេ​ទៀត​ផង។​
4
សូមជម្រាបថា វិស័យសេដ្ឋកិច្ចនាសម័យនោះ គឺរីកចម្រើនណាស់។ ចំពោះ​កសិកម្ម​ ក៏​មាន​ការរីក​លូតលាស់​ខ្លាំង​ណាស់​ដែរ ​ព្រោះ​ថា​អាណាចក្រ​ភ្នំ នយោបាយ​ទឹក​ទទួល​បាន​ជោគជ័យ​ ដែលជាហេតុធ្វើឱ្យជនជាតិចិនម្នាក់ បានកត់ត្រាថា ប្រជាកសិករព្រួស​ស្រូវ​មួយឆ្នាំ ​ច្រូត​បាន​រហូត​ដល់​បីរ​ដូវ។ រីឯ​ខាង​ពាណិជ្ជ​កម្ម​ ក្រៅ​ពី​កំពង់​ផែអូកែវ ​ដែលជាកំពង់ផែអន្តរជាតិទទួលនាវាផ្ទុកទំនិញធំៗពីគ្រប់​ទិស​ទី ​អាណាចក្រ​ភ្នំ ក៏​មាន​បច្ចេក​ទេស​ក្នុង​ការ​ធ្វើ​សំពៅ​ធំៗ​ដើរ​តាម​សមុទ្រ​ផង​ដែរ​ ដែល​ក្នុង​នោះតាម​ឯកសារ​ចិន​បញ្ជាក់​ថា ​សំពៅ​មាន​ប្រវែង​៣០ម៉ែត្រ​ ហើយ​មាន​ក្បាល ​ព្រម​ទាំង​កន្សៃ​រាង​ជា​ក្បាល​ និង​កន្ទុយ​ត្រី។

វិស័យ​អប់រំទៀតសោត ក៏មានការរីកចម្រើនខ្លាំងផងដែរ ព្រោះឯកសារចិនបានបញ្ជាក់ថា អាណាចក្រភ្នំមាន​សៀវភៅ ​និង​កន្លែង​រក្សាប័ណ្ណ​សារ​យ៉ាង​ច្រើន។​ ចំណែក​ភាសាខ្មែរ ជា​ភាសា​ប្រើ​ទូទៅ រី​ឯ​ភាសា​សំស្ក្រឹត ជាភាសាប្រើផ្លូវការ។ ចំពោះវិស័យសាសនាវិញ ​អ្នក​នគរ​ភ្នំបាន​កាន់​សាសនា​ធំៗ​ពី​រមក​ពី​ឥណ្ឌា ទី១​ព្រហ្មញ្ញ​សាសនា និងទី២ ព្រះពុទ្ធសាសនា។ ខណៈនោះព្រះពុទ្ធសាសនាមហាយាន ​ត្រូវ​បាន​ប្រើ​លាយ​ចម្រុះ​គ្នា​ទៅនឹង​ជំនឿ​អារក្ខអ្នក​តា​មេបា ​ដែល​ជាជំនឿ​ដើម​របស់​អ្នក​នគរ​ភ្នំ ​ដែល​ប្រជារាស្ត្រ​នគរ​ភ្នំ​គោរព​បូជា​ជាទូទៅ។

ការទុកដាក់សពក្នុងសម័យនគរភ្នំ គេប្រារព្ធពិធីបូជាសពដូចជាព្រះមហាក្សត្រត្រូវធ្វើឡើងរយៈពេល៧ថ្ងៃ ក្រោយចូលទិវង្គត។​ ព្រះសព​ត្រូវ​រុំ​យ៉ាង​ស្អាត​ ហើយ​ដង្ហែ​ទៅ​មាត់​ទន្លេ ដោយ​មាន​សំឡេង​តូរ្យ​តន្ត្រី​ ស្គរ​ប្រគំ និង​របាំ​សក្ការៈកំដរ​ផងដែរ។​ ព្រះសព​របស់​ព្រះរាជា​ត្រូវ​បូជា​នៅលើ​គំនរ​ឧស​មួយ ​ហើយ​ព្រះធាតុត្រូវ​រើស​ដាក់​ក្នុង​កោដ្ឋ​មាស នៅចុងក្រោយគេយកទៅទម្លាក់ក្នុងទឹកទន្លេ ឬសមុទ្រ។

ចំពោះសពពួកមន្ត្រីធំៗត្រូវបូជារយៈពេលបីថ្ងៃក្រោយអនិច្ចកម្ម ហើយអដ្ឋិធាតុត្រូវដាក់ក្នុងកោដ្ឋប្រាក់ រួចយកទៅទម្លាក់​ក្នុង​ទឹក​ទន្លេ។
​ចំណែក​ជន​ធម្មតា​វិញ ​ពិធី​ទុកដាក់​សព​នេះ​មាន​៤បែប គឺទី១ បូជាដោយភ្លើង ទី២ កប់ក្នុងដី ទី៣ បោះចោលក្នុងទឹក និងទី​៤ ដាក់​ហាល​ខ្យល់​កណ្ដាល​វាល​ ឬទុក​ឱ្យ​សត្វ​ស៊ី​ជា​ចំណី។​ រីឯ​ការ​កាន់​ទុក្ខ​ទៀត​សោត​ គឺគេ​កោរ​សក់ ​និង​កោរពុកមាត់។
ចំពោះ​វិស័​យស្ថាបត្យកម្ម និងចម្លាក់វិញ ក្រៅពីប្រាសាទដែលសង់ដោយលុងភ្នំ គ្មានប្រាសាទណានៅគង់វង្សល្អទេ តែ​គេ​សន្និដ្ឋាន​ថា ​ប្រាសាទ​ទាំង​ឡាយ​ក្នុង​សម័យ​នោះ ​កសាងឡើងដោយឥដ្ឋ ជាសក្ខីភាពគេរកឃើញខឿនសំណង់ផ្សេងៗធ្វើពីឥដ្ឋ នៅកំពង់​ផែអូកែវ ​និង​នៅ​អង្គរបុរី។​
5
សិល្បៈបដិមា គេបានរកឃើញព្រះពុទ្ធរូប និងទេវរូបជាច្រើន នៅតំបន់ភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចជាព្រះពុទ្ធរូប​វត្ត​រំលក រូប​ព្រះ​វិស្ណុ ព្រះ​ពលរាម ​ព្រះកល្កិន​ ព្រះក្រិស្ណ និង​គោវធន​ជាដើម។ ​ស្នាដៃ​ទាំង​អស់​នេះ ​នៅមាន​លក្ខណៈ​ជា​ឥណ្ឌានៅ​ឡើយ ពោល ​គឺរូប​ទាំង​នោះមាន​រាង​ធាត់ៗ​កាច់​ចង្កេះ ​និង​មានធ្នូ ​ឬក្រចកសេះ ឬក៏ចន្ទល់ទ្រថែមទៀតផង៕

Comments

  1. The best new slots to play for free at MEGA - JtmHub
    Slots like Push Pokies, Push Pokies and Jackpot 밀양 출장안마 Kingdom will all be available on Microgaming 의정부 출장마사지 casinos. They 김해 출장샵 are also available 계룡 출장샵 to play in 안동 출장마사지

    ReplyDelete

Post a Comment