ប្រវត្តិសាស្ត្រខ្មែរនាសម័យអាណាចក្រភ្នំ

អាណាចក្រភ្នំ ជាទឹកដីដ៏ល្អមួយនៅតាមដងទន្លេមេគង្គភាគខាងក្រោម នៃដែនដីសណ្ដនៃទន្លេនេះ ត្រូវបានខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬជឿថាបុព្វបុរសខ្លួនមានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ បើតាមឯកសារចិនរបស់លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំពាក់កណ្ដាលសតវត្សទី៣ នៃគ្រិស្ដសករាជ បានបញ្ជាក់ថា ប្រហែលជាក្នុងឆ្នាំ៥០ នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលឱ្យព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើដំណើរមកកាន់នគរភ្នំនេះ ព្រោះយប់មួយព្រះបាទ ហ៊ុន ទៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានជូនអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាឱ្យព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោក កាំង ថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិនមែន។ ដោយសុបិនឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
លុះមកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បានជួបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែល លោក កាំង ថៃ បន្ថែមថាមានព្រះនាង លីវយី ជាដើមចម។ ព្រះនាង លីវយី បាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះបាទ ហ៊ុន ទៀន មុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លីវយី ដែលជាម្ចាស់ស្រុកដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងឱ្យធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវយី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសីតាំងពីពេលនោះមក។
បើតាមប្រភពមួយទៀតដែលរៀបរាប់ពីព្រឹត្តិការណ៍នេះដែរ គឺសិលាចារិកចាមនៅមីសឺន គ្រិស្ដសករាជ៦៥៨ បានឱ្យយើងដឹងថា ព្រះបាទ ហ៊ុន ទៀន ដែលចិន ហៅនោះឈ្មោះ កៅណ្ឌិន្យ ឯព្រះនាង លីវយី វិញ គឺព្រះនាងសោមា។ ឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជាវិញ បានហៅព្រះនាមស្ដេចនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើនក្នុងជីវភាពសង្គមខ្មែរ រហូតមកដល់សព្វថ្ងៃនេះ។
រួមសេចក្តីមក ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬក៏ព្រះថោង និងនាងលីវយី ឬព្រះនាង សោមាកូនព្រះច័ន្ទ ឬនាងនាគនេះហើយ ដែលជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះ។ ម៉្យាងទៀត គឺពេលនោះហើយដែលព្រះថោង ឬកៅណ្ឌិន្យ ឬក៏ ហ៊ុន ទៀន ដែលជាជាតិឥណ្ឌា បាននាំយកនូវទំនៀមទម្លាប់ប្រពៃណីផ្សេងៗពីប្រទេសឥណ្ឌាមានសាសនា ភាសា អ្នកប្រាជ្ញអក្សរសាស្ត្រ និងច្បាប់ទម្លាប់នានាជាដើម។ ជាពិសេស គឺរបៀបរៀបចំ ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែម ដើម្បីបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយដូចជាជំនឿលើព្រលឹងដូនតា គោរពមេបា អារក្ខអ្នកតា និងលទ្ធិមាតាធិបតេយ្យ ដែលជាហេតុធ្វើឱ្យសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។
ចំពោះឈ្មោះនគរវិញ គឺទំនងពេលនោះមកហើយដែលមានឈ្មោះថានគរភ្នំ ព្រោះតាមឯកសារចិនបាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្តរនាមថា គូឡុង គឺក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ ម៉្យាងទៀត តាមការនិយមរបស់ជនជាតិចិន គេច្រើនប្រើឈ្មោះ ឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផង ប្រជារាស្ត្រផង រាជធានីផង ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង។ ដូច្នេះពាក្យហ្វូណន ចិនប្រហែលជាហៅតាមឋានន្តរនាមព្រះចៅអធិរាជ គឺកុរុងវ្នំ ហើយហ្វូណន គឺជាសំនៀងចិន នៃពាក្យវ្នំ ឬភ្នំរបស់ខ្មែរនេះឯង។ ឯការដែលអធិរាជអាណាចក្រភ្នំមានឋានន្តរនាមក្រុងវ្នំដូច្នេះ គឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនិងព្រះឥសូរ។ ឯកសារចិនបានរៀបរាប់ថា ព្រះអាទិទេពយាងចុះពីលើភ្នំម៉តាន់ជាញឹកញាប់ ព្រះអង្គបានយកទីនោះ ដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ចំណែកខាងរាជធានីនៃអាណាចក្រនគរភ្នំវិញ មានឈ្មោះថា វ្យាធបុរៈ ប្រហែលស្ថិតនៅម្តុំបាភ្នំ មានចម្ងាយប្រមាណ២០០ គីឡូម៉ែត្រពីសមុទ្រ។
អ្នកស្នងរាជ្យតពីព្រះបាទកៅណ្ឌិន្យ គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានព្រះបាទ ហ៊ុន ផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រឱ្យធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម៩០ ព្រះវស្សា នៅដើមសតវត្សទី៣ នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិនថាមានព្រះនាម ប៉ានប៉ាន (Phan-Phan) ត្រូវជ្រើសតាំងឱ្យឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅឱ្យមេទ័ពម្នាក់ឈ្មោះ ស្រីមារៈ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ពស្រីមារៈ ឱ្យឡើងសោយរាជ្យ។
គួររម្លឹកថា ព្រះអង្គស្រីមារៈ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម “វរ្ម័ន” ដែលមានន័យថាអ្នកការពារមកប្រើដំបូងគេបង្អស់ ហើយព្រះនាមវរ្ម័ននេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត លុះត្រាដល់ពេលដែលបដិវត្តន៍នយោបាយ និងសាសនារបស់នាយត្រសក់ផ្អែមកើតមានឡើង។
សិលាចារឹកប្រភព និងអត្ថន័យ “វរ្ម័ន”
គួររម្លឹកថា ព្រះអង្គស្រីមារៈ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម “វរ្ម័ន” ដែលមានន័យថាអ្នកការពារមកប្រើដំបូងគេបង្អស់ ហើយព្រះនាមវរ្ម័ននេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត លុះត្រាដល់ពេលដែលបដិវត្តន៍នយោបាយ និងសាសនារបស់នាយត្រសក់ផ្អែមកើតមានឡើង។

ព្រះបាទ ស្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម ”កម្ពុជាក្រោមសព្វថ្ងៃ” លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របឹងហ្គាល និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី។ ក្មួយរបស់ព្រះអង្គព្រះនាមហ្វានឆាន ប្រហែលជាមានព្រះនាមក្នុងរាជ្យថា ធរណិន្ទ្រវរ្ម័ន បានជ្រែករាជ្យដោយបានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រច្បងរបស់ព្រះបាទ ស្រីមារៈ ហើយឡើងសោយរាជ្យបានរយៈពេល២០ឆ្នាំ។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌាមុរុណ្ឌ។ នៅឆ្នាំ២៤៣ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន ដើម្បីនាំដង្វាយជាអ្នកភ្លេង និងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។ នៅក្នុងរាជ្យព្រះអង្គ ហ្វានឆាន នេះហើយ ដែលគេបានសាងសិលាចារិកខ្មែរ ដែលចាស់ជាងគេជាភាសាសំស្ក្រឹត ក្នុងដែនសាមន្តរដ្ឋមួយរបស់អាណាចក្រនគរភ្នំ។ សិលាចារិកនេះ ត្រូវបានគេរកឃើញនៅរមណីយដ្ឋានវ៉ូកាញ់ ក្នុងតំបន់ញ៉ាត្រាង ប្រទេសវៀតណាមសព្វថ្ងៃនេះ។
ប្រហែលនៅក្នុងឆ្នាំ២៥០ ព្រះអង្គ ហ្វានឆាន ត្រូវធ្វើគត់ដោយព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ដោយយកលេសថាសងសឹក។ មេទ័ពម្នាក់របស់ព្រះអង្គ ហ្វានឆាន មានឈ្មោះថា អាសុចៃ ដែលតាមឯកសារចិន ថាឈ្មោះហ្វាន់ស៊ីយុន បានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ វិញ ហើយប្រកាសខ្លួនឡើងសោយរាជ្យជាកុរុងវ្នំ។
សូមជម្រាបថា ព្រះបាទ ហ្វាន់ស៊ីយុន ជាព្រះរាជាដែលស្រឡាញ់សន្តិភាព ទ្រង់យកព្រះទ័យទុកដាក់នឹងព្រះរាជភារកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំង។ ដើម្បីរក្សាកិត្យានុភាព ព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ព។ ព្រះអង្គទ្រង់រក្សាចំណងទាក់ទងជាប្រក្រតីជាមួយព្រះរាជវាំង មុរុណ្ឌ នៃប្រទេសឥណ្ឌា។ ពីឆ្នាំ២៦៨ ដល់ឆ្នាំ២៨៧ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន។ ក្រៅពីនោះ ជាមួយនឹងអាណាចក្រចាម្ប៉ា ដែលស្ថិតនៅភាគខាងកើតនគរភ្នំ ព្រះអង្គបានរឹតចំណងទាក់ទងយ៉ាងជិតស្និទ្ធបំផុត រហូតដល់គេអាចជឿបានថា ប្រហែលជាព្រះអង្គបានពង្រីកអធិរាជភាពរបស់ព្រះអង្គលើប្រទេសចាម្ប៉ានោះថែមទៀតផង៕
Comments
Post a Comment