​ចាប់ពី​​កំណើត​​ខ្មែរ​ និង​សម័យ​ប្រវត្តិសាស្ត្រ​

​ចាប់ពី​​កំណើត​​ខ្មែរ​ និង​សម័យ​ប្រវត្តិសាស្ត្រ​

1
មុននឹងចូលដល់ការរៀបរាប់អំពីសម័យប្រវត្តិសាស្ត្រខ្មែរ ​យើងចាំ​បាច់​ត្រូវ​យល់​អំពី​និយម​ន័យ​នៃ​ពាក្យ​មួយ​ចំនួន​ដែល​ទាក់​ទង​គ្នា​ជា​មុន​សិន​ដូចជា​ សម័យមូលប្រវត្តិ សម័យបុរេប្រវត្តិ និងសម័យប្រវត្តិសាស្ត្រ។
សម័យមូលប្រវត្តិ ជាសម័យមួយដែលចាប់ផ្តើមនិយាយ​តាំងពី​​កំណ​កំណើត​ដំបូង​របស់​មនុស្ស ​គឺតាំង​ពី​មនុស្ស​បាន​​វិវត្ត​ពី​សត្វ​ស្វា​ម្យ៉ាង ​រហូតដល់មនុស្សមិនទាន់មានឧស្សាហកម្ម។
សម័យបុរេប្រវត្តិ ជាសម័យមុនប្រវត្តិសាស្ត្រ ដែលកាលនោះមនុស្សមាន និងចេះធ្វើឧស្សាហកម្ម​ហើយ។​ សម័យ​នេះ​មនុស្ស​មាន​ការ​វិវត្ត​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​ជាង​សម័យ​មូល​ប្រវត្តិ​ គឺ​មនុស្ស​ចេះយក​ដុំថ្ម ឬដំបង​គប់​ផ្លែឈើដែល​នៅ​ខ្ពស់ៗ ​មនុស្ស​ចេះ​ប្រមូល​ថ្ម​ពី​មាត់​បឹង ​ទន្លេ​មក​គរ​ទុក​សម្រាប់​កែច្នៃ ​ជា​ឧបករណ៍​ប្រើប្រាស់ផ្សេងៗ ដូចជា ពូថៅ ផ្គាក់ លំពែង ពន្លូង…ដោយ​ការ​សំលៀង ​ឬត្រដុស។​ ​នៅ​សម័យ​នេះ​មនុស្ស​មាន​ទំនាក់​ទំនង​គ្នា​ហើយ ​ប៉ុន្តែពុំ​ទាន់​មាន​ភាសា​សម្រាប់​និយាយទេ។

សម័យប្រវត្តិសាស្ត្រ ជាសម័យកាលមួយដែលមនុស្សមានភាសា និងអក្សរសម្រាប់​ប្រើប្រាស់។​ កាល​នៅ​ចុង​សម័យ​បុរេប្រវត្តិ​ មនុស្ស​ចេះ​ទាក់​ទង​គ្នា​ហើយ​។ ការ​ទាក់​ទង​នេះ​តម្រូវ​ឱ្យ​មនុស្សត្រូវមានភាសាសម្រាប់និយាយ ​និងមាន​អក្សរ​សម្រាប់​កត់​ត្រា​ភាសា​ដែល​ពួកគេ​និយាយ។​ នៅ​សម័យ​នេះ​ហើយ​ដែល​អ្នក​ប្រវត្តិវិទូ​បាន​ដាក់​ឈ្មោះថា​ សម័យប្រវត្តិសាស្ត្រ។
ដោយយោងតាមនិយមន័យនៃពាក្យប្រវត្តិសាស្ត្រ គេអាច​នឹង​និយាយ​បាន​ថា ​សម័យ​ប្រវត្តិសាស្ត្រ​ខ្មែរ​ចាប់​ផ្តើម​កើត​ឡើង​នៅ​ត្រឹម​ប្រហែល​ចុងស.វទី២ ឬមុន​នេះ​បន្ដិ​ច ព្រោះខ្មែរមានអក្សរនៅក្នុងរាជ្យព្រះបាទ​ស្រីមារៈ ​​(សិលាចារឹកវ៉ូកាញ់)។ ​តែបើ​គិត​តាម​វង្ស​ក្សត្រ​វិញ ​ខ្មែរ​មាន​ប្រវត្តិសាស្ត្រ​នៅ​ពាក់​កណ្តាល​ស.វទី១ ​នៃគ.ស​ ព្រោះ​ព្រះ​បាទ​កៅណ្ឌិន្យ​បាន​ចូលមក​ស្រុក​ខ្មែរ​នៅគ​.ស​ ៥០ [1]។ ​​មក​ដល់​បច្ចុប្បន្ននេះ ខ្មែរ​មាន​សម័យ​ប្រវត្តិសាស្ត្រ​ ៤ធំៗ ​ហើយ​នៅក្នុង​សម័យធំៗ​នេះចែក​ជា​សម័យ​តូចៗ​ច្រើន​ទៀត​គឺ៖​
១. សម័យមុនអង្គរ ឬបុរេអង្គរ (ពីស.វទី១ ដល់ ទី៩ ឬពីឆ្នាំ ៥០ ដល់ ៨០២)។ សម័យនេះ​ចែក​ជា​ពីរ​សម័យ​តូចៗ​ទៀត​គឺ៖
​ក.សម័យនគរភ្នំ (ឆ្នាំ៥០ ដល់ ៥៥០)
ខ.សម័យចេនឡា (ឆ្នាំ៥៥០ ដល់ ៨០២)
២. សម័យអង្គរ (ពីស.វទី៩ ដល់ ទី១៥ ឬពីឆ្នាំ ៨០២ ដល់ ១៤៣១)។ សម័យអង្គរចែកជា៤ដំណាក់កាលគឺ៖
ក.ដំណាក់កាលចាក់គ្រឹះ (៨០២ ដល់ ៩៤៤)
ខ.ដំណាក់កាលកសាង (៩៤៤ ដល់ ១១៧៧)
គ.ដំណាក់កាលលូតលាស់ដល់កំពូល (១១៧៧ ដល់ ១២០១)
ឃ.ដំណាក់កាលធ្លាក់ចុះ (១២០១ ដល់ ១៤៣១)
៣. សម័យកណ្តាល (ពីស.វទី១៥ ដល់ ទី១៩ ឬពីឆ្នាំ ១៤៣១ ដល់ ១៨៦៣)។ សម័យនេះចែកជាពីរ​សម័យ​តូចៗ​ទៀត​ គឺ៖
ក.សម័យលង្វែក (១៤៣១ ដល់ ១៦១៨)
ខ.សម័យឧដុង្គ (១៦១៨ ដល់ ១៨៦៣)
៤. សម័យទំនើប (ពីស.វទី១៩ ដល់ បច្ចុប្បន្ន )។ សម័យនេះចែកជាសម័យតូចៗជាច្រើន គឺ៖
ក.សម័យអាណានិគម (១៨៦៣ ដល់ ១៩៥៣)
ខ.សម័យសង្គមរាស្ត្រនិយម (១៩៥៥ ដល់ ១៩៧០)
គ.សម័យសាធារណរដ្ឋខ្មែរ (សម័យ លន់ នល់) (១៩៧០ ដល់ ១៩៧៥)
ឃ.សម័យកម្ពុជាប្រជាធិបតេយ្យ (សម័យ ប៉ុល ពត) (១៩៧៥ ដល់ ១៩៧៩)
ង.សម័យរដ្ឋកម្ពុជា (១៩៧៩ ដល់ ១៩៨៩)
ច.សម័យប្រជាមានិតកម្ពុជា (១៩៨៩ ដល់ ១៩៩៣)
ឆ.សម័យរាជាណាចក្រកម្ពុជា (១៩៩៣ ដល់ បច្ចុប្បន្ន)។

Comments